Tuesday, November 19, 2013

on

ប្រភព​រូប​ភាព ៖ KhmerApsaraMagazine
    ប្រវត្តិ​ធ្វើ​ក្រុង​ពាលី​​មាន​​តំណាល​ថា ៖ សម័យ​មួយ ជា​សម័យ​ភ្លើង​ប្រល័យ​កល្ប៍ (កប្ប ឫ​កល្ប៍) ឆេះ​អស់ មនុស្ស សត្វ រុក្ខា​លតា​វល្លិ៍ អ្វីៗ​ក៏​ឆេះ​គ្មាន​សល់ មាន​នៅ​សល់​តែ​ទឹក ល្ហ​ល្ហេវ។ ពេល​នោះ​ព្រះ​ពាយ​បក់​បោក​ចុះ​ឡើង កើត​ជា​ពពុះ​ទឹក​រសាត់ អណ្តែត​ចុះ​ឡើង គ្មាន​ទី​បំផុត។ កាល​នោះ​មាន​មហា​កាល​នាគ​រាជ ឈ្មោះ​ក្រុង​ពាលី និង​ព្រះ​អនុជ​ម្នាក់ ឈ្មោះ​ព្រះ​ភូម​រាជ ជា​អ្នក​នៅ​រក្សា​ទឹក​នោះ។ មហា​កាល​នាគ​រាជ ឈ្មោះ​​ក្រុង​ពាលី និង​​ព្រះ​អនុជ ឈ្មោះ ព្រះ​ភូម​រាជ ឃើញ​ពពុះ​ទឹក​អណ្តែត​ចុះ ឡើង ពុំ​ស្ថិត​នៅ​នឹង​ដូច​នោះ ក៏​បបួល​បង​ប្អូន​ពេន​ពង់​ក្រុង​ពពុះ​ទឹក កុំឲ្យ​អណ្តែត​ទៅ​ណា។ យូរ​ទៅ​ពពុះ​ទឹក​នោះ ក៏​កក​ជាំ​ផែន​ដី ដុះ​ព្រៃ​ព្រឹក្សា លតា​វល្លិ៍ មនុស្ស សត្វ សព្វ​បែប​យ៉ាង។ សម័យ​នោះ ព្រះ​ពុទ្ធ​ទ្រង់​ព្រះ​ នាម​បទុមុត្តរៈ ទ្រង់​បាន​ត្រាស់​ដឹង​ឡើង ក្នុង​លោក​ឈ្វេង​យល់​ថា ដែន ដី​នេះ កើត​អំពី​ស្តេច​មហា​កាល​នាគ​រាជ​ឈ្មោះ​ក្រុង​ពា​លី។
 
   ព្រះ​អង្គ​ព្រះ​នាម​បទុ​មុត្តរៈ ទ្រង់​ជ្រាប​ច្បាស់​ដូច​នោះ ​ក៏​ទ្រង់​យាង​ទៅ បិណ្ឌ​បាត​ផែន​ដី ៣​ជំហាន ពី​ស្តេច​ក្រុង​ពាលី ដើម្បី​ឲ្យ​ពុទ្ធ​បរិស័ទ បាន រស់​នៅ លើ​ផែន​ដី​នោះ។ ស្តេច​ក្រុង​ពាលី​យល់​ថា ផែន​ដី​៣​ជំហាន មាន​ភាព​តូច​ណាស់ ក៏​ទ្រង់ លើក​ថ្វាយ​ព្រះ​ពុទ្ធ​ទ្រង់​ព្រះ​នាម​បទុ​មុត្តរៈ។ ព្រះ​អង្គ​ប្រកាស​ប្រាប់ ទេព្តា​ទាំង​៨​ទិស​ថា ព្រះ​ព្រហ្ម ព្រម​ថ្វាយ​ដី​៣​ជំហាន ដល់​តថា​គត។ ព្រះ​អង្គ​ឈាន​តែ​៣ជំហាន អស់​ដី​ស្តេច​ក្រុង​ពាលី​រលីង។ ព្រះ​ពុទ្ធ ទ្រង់ ព្រះ​នាម បទុ​មុត្តរៈ ព្រះ​អង្គ​ទ្រង់​ព្រះ​មេត្តា​អនុ​គ្រោះ ឫ​ព្រះ​បញ្ជា បណ្តេញ ស្តេច​ក្រុង​ពាលី ឲ្យ​ទៅ​នៅ​ព្រះ​ហេម​ពាន្ត។ ស្តេច​ក្រុង​ពាលី ចេញ​ទៅ នៅ​ព្រៃ ហេម​ពាន្ត តាម​ព្រះ​ពុទ្ធ​បន្ទូល តែ​ស្តេច​ក្រុង​ពាលី​នឹក​អាល័យ ស្តាយ​ផែន​ដី​នោះ​ណាស់។ ស្តេច​ក្រុង​ពាលី បាន​ប្រើ​ព្រះ​ភូម​រាជ​ឲ្យ​ទៅ សុំ​បាយ​ពែ​ចែង ពែ​ពលី អំពី​ព្រះ​អង្គ។ ព្រះ​ពុទ្ធ​ទ្រង់​ព្រះ​នាម បទុម​ត្តរៈ​ព្រះ​អង្គ​ទ្រង់​អនុ​លោម​ផ្តាំ​ថា បើ​បុរស​ស្ត្រី ណា​បាន​ធ្វើ​បុណ្យ​អ្វី​មួយ ត្រូវ​ធ្វើ​ពែ​ចែង ពែ​ពលី ដាក់​ទេយ្យ​វត្ថុ មាន​នំ ចំនី អា​ហារ​ភោជន បូជា​ស្តេច​ក្រុង​ពាលី។ បើ​បុរស​ស្ត្រី ណា​មួយ​បាន ធ្វើ​មង្គល​អ្វី​មួយ​ហើយ បាន​ធ្វើ​ពែ​ចែង ពែ​ពលី ថ្វាយ​ស្តេច​ក្រុង​ពាលី ព្រះ​អង្គ​ទ្រង់​សម្តែង​ថា បាន​កុសល​ផលានិ​សង្ស​ច្រើន​ណាស់។ តែ​មិន​បាន​ធ្វើ​ពែ​ចែង ពែ​ពលី ថ្វាយ​ស្តេច​ក្រុង​ពាលី​ទេ ព្រះ​ភូម​រាជ​នឹង មាន​ព្រះ​ហប្ញ​ទ័យ អាក់​អន​រិះ​គន់ ជេរ ប្រទេច​ផ្តា​សា យក​កន្ទូយ​វាត់ ពុំ​បាន​ផល​អ្វី​ឡើយ។ លុះ​ព្រះ​ពុទ្ធ​ទ្រង់​ព្រះ​នាម បទុ​មុត្តរៈ ទ្រង់​អនុ​ញ្ញាត​ឲ្យ​ពុទ្ធ​បរិស័ទ​ទាំង​អស់ ថា បើ​បាន​ធ្វើ​មង្គល​អ្វី​មួយ ត្រូវ​ធ្វើ​ពែ​ចែង ពែ​ពលី​ថ្វាយ​ស្តេច​ក្រុង ក្រុង ពាលី ទើប​ធ្វើ​បុណ្យ​ផលា​និ​សង្ស​ច្រើន។ ពពួក​ទេព្តា​ទាំង​៨ទិស ដែល​បាន​ធ្វើ​ជា​កសិណ ក្នុង​ពេល​ដែល​ទ្រង់​ប្រកាស​ជា​មួយ​ស្តេច​ក្រុង ពា​លី​បាន​សុំ​ឲ្យ​ព្រះ​ពុទ្ធ បទុមុ​ត្តរៈ ទ្រង់​ផ្តាំ​ពុទ្ធ បរិ​ស័ទ​ថា បើ​បុរស​ស្ត្រី​ណា​បាន​ធ្វើ មង្គល​អ្វី​មួយ ត្រូវ​ឲ្យ​ធ្វើ​រាន​ទេព្តា ទាំង​៨​ទិស ព្រម​ទាំង​មាន​រៀប​រណ្តាប់ នំ ចំនី ភោជន ផ្លែ​ឈើ ទៀន ធូប ភ្ញី ផ្កា ធ្វើ រាជ​វ័តិ​ព័ទ្ធ​សីមា ថ្វាយ​ទេព្តា​រក្សា​ទិស​ទាំង​៨ នឹង​បាន​ផលា​និសង្ស ច្រើន បាន​សួគិ៍​និព្វាន​ពេញ​បរិបូរ។ តែ​បើ​មិន​បាន​ធ្វើ​រាន​ទេព្តា ថ្វាយ​ទេព្តា​ទាំង ៨​ទិស​ទេ មិន​បាន​សុខ​ចំរើន មិន​មាន​សិរី​សួស្តី សុ​ភមង្គល​ផលា​និសង្ស​ឡើយ។ ដូ​ច្នេះ បាន​ជា​មនុស្ស​ម្នា​ផង​ទាំង​ពួង បើ​គេ​រៀប​ចំ​ធ្វើ​មង្គល​អ្វី​មួយ គេ​តែង​តែ ធ្វើ​ពីធី​បួង​សួង​សែន​ក្រុង​ពាលី ធ្វើ​រាន​ទេព្តា​ទាំង​៨ទិស និង​មាន​សាង​រាជវ៍តិ ជុំវិញ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។