ឥទ្ធិពលព្រះពុទ្ធសាសនា បានចាក់គ្រឹះឥទ្ធិមាំក្នុងចិត្តគំនិតកូនខ្មែរ សង្គមខ្មែរ ទំនោរខ្មែរ មនោគមវិជ្ជាខ្មែរតាំងពីយូរអង្វែងណាស់មកហើយ។ មានវត្តអារាមជាច្រើន ប្រកបទៅដោយស្ថាបត្យកម្មខ្មែរ មានវិហារ កុដិ សាលា ដ៏ល្អៗត្រូវបានពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លាកសាងឡើងធ្វើជា សេនាសនៈសម្រាប់ព្រះសង្ឃដែលនិមន្តមកអំពីទិសទាំង៤ គង់នៅ និងជាទីសំរាប់ធ្វើបុណ្យទានសមាទានសីលជាដើម។ ប្រជាជនខ្មែរទាំងប្រុសទាំងស្រីភាគច្រើន ដែលបានថ្វាយខ្លួនជាឧបាសក ឧបាសិកា តែងតែបំពេញកិច្ចការកុសល ធ្វើបុណ្យ ឱ្យទាន រក្សាសីល៥ សីល៨ សីល១០ និងធ្វើសមាធិកម្មដ្ឋានជាដើម នៅទីនោះ។ កាលសម័យបុរាណ ក្មេងៗកូនចៅអ្នកស្រុកតែងបានចូលទៅសិក្សារៀនសូត្រវិជ្ជាអក្សរ សាស្ត្រ នព្វន្តសាស្រ្ត សិល្បៈនិងវិជ្ជាគុណដំបង គុណដាវ ជាដើមនៅក្នុងទីវត្តអារាមដែលមានព្រះសង្ឃជាគ្រូបាធ្យាយ។ អ្នកខ្លះក៏បានសុំផ្នួសបួសជាសាមណេរ ឬជាភិក្ខុសិក្សារៀនសូត្រធម៌អាថ៌ក្នុងព្រះពុទ្ធសាសនា។ ឥទ្ធិពលពុទ្ធសាសនា ដែលបានចូលស៊ប់ចាក់ឫសយ៉ាងមាំក្នុងសង្គមខ្មែរចិត្តគំនិតខ្មែរ មានជាអាទិ៍គឺ ៖
៙ ជំនឿ
៙ ប្រពៃណី
៙ សិល្បៈ
៙ អក្សរសិល្ប៍។
ក- ជំនឿ ៖
-ឥទ្ធិពលពុទ្ធសាសនាបានបង្កើតឲ្យមាន ៖
១- ជំនឿបុណ្យ បាប
២- ជំនឿ កម្ម ផល
៣- ជំនឿ សច្ចៈ សុចរិត យុត្តិធម៌
៤- ជំនឿ ស្ថានសួគ៌ ស្ថាននរក។ល។ ដែលបានជាកត្តាដ៏ធំមួយជួយលើកស្ទួយសង្គមខ្មែរ មនុស្សខ្មែរឲ្យមានសីលធម៌ មនុស្សធម៌ ស្គាល់បុណ្យបាប ហើយខំប្រឹងធ្វើ ខំប្រឹងកសាងអំពើល្អ គ្រប់ៗគ្នា។
ខ- ប្រពៃណី ទំនៀមទម្លាប់ ៖
មានប្រពៃណី និងទំនៀមទម្លាប់ជាច្រើន ស្ទើរតែគ្រប់មែកធាងនៃវប្បធម៌ អរិយធម៌ខ្មែរ សុទ្ធតែមានទំនាក់ទំនងនឹងព្រះពុទ្ធសាសនា ដោយបញ្ចូលលទ្ធិពុទ្ធសាសនាធ្វើជាបង្គោលទាំងអស់ដូចជា ៖
១- ពិធី ចំរើនជន្មាយុ (ចំរើនអាយុ)
២- ពិធី អាពាហ៍ពិពាហ៍
៣- ពិធី ហែរសព បូជាសព
៤- ពិធី កោរជុក
៥- ពិធី អភិសេកព្រះពុទ្ធរូបនៅមានប្រពៃណីខ្លះទៀត ជាបែបពុទ្ធសាសនាសុទ្ធៗដូចជា ៖
៦- ពិធី ចូលវស្សា
៧- ពិធី ចេញវស្សា
៨- ពិធី បុណ្យកឋិន
៩- ពិធី បុណ្យផ្កាប្រាក់
១០- ពិធី ភ្ជុំបិណ្ឌ
១១- ពធី បុណ្យបច្ច័យ៤
១២- ពិធី បុណ្យឆាកមហាបង្សុកូល
១៣- ពិធី បុណ្យទេសន៍មហាជាតក។ល។ ប៉ុន្តែ ដោយហេតុថា ខ្មែរបានទទួលឥទ្ធិពលសាសនាព្រាហ្មណ៍ផង ម៉្លោះហើយ នៅក្នុងប្រពៃណី ទំនៀមទម្លាប់ខ្មែរ ក៏មានលាយចម្រុះដោយធាតុទាំងពីរ (ព្រាហ្មណ៍និយម ពុទ្ធនិយម ជាមួយនឹងខ្មែរនិយម។ ហេតុនេះ ពិធីបុណ្យទានផ្សេងៗដែលជាប្រពៃណី ច្រើនតែមានធាតុទាំង៣ លាយគ្នាដូចជា ៖
- ពិធីបុណ្យចំរើនព្រះបរិត្តៈ គេនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តផង ធ្វើស្លាធម៌ បាយសី ឬស្លាធម៌ដូងផង តាមបែបបុរាណ។
- ពិធី ស្រោចទឹករំដោះគ្រោះ : គេនិមន្តព្រះសង្ឃសូត្រមន្ត និងធ្វើពិធីរំដោះគ្រោះ (បែបព្រាហ្មណ៍មានសែនព្រេនជាដើម) ផង។ ហេតុ នេះ យើងអាចសន្និដ្ឋានថា ប្រពៃណី ទំនៀមទម្លាប់ណាដែលគេធ្វើហើយមានតម្កល់ព្រះពុទ្ធរូបជាសក្ការបូ ជា មានចំរើនព្រះបរិត្ត ទេសនា ជាដើមទាំងអស់នេះគឺជាបែបពុទ្ធនិយមក្នុងប្រពៃណីទំនៀមទម្លាប់ ខ្មែរ។
គ- សិល្បៈ
១- គំនូរ-ចម្លាក់ ៖ មានគំនូរចម្លាក់ជាច្រើន ដែលគេគូរឆ្លាក់យកលំនាំតាមជីវប្រវត្តិ និងសកម្មភាពព្រះពុទ្ធដូចជា ៖
- ការប្រសូត
- ការឡើងសោយរាជ្យ
- ការចេញបួស
- ការធ្វើទុក្ករកិរិយា
- ការត្រាស់ដឹង
- ការផ្ចាញ់មារ
- ការសំដែងធម្មចក្រ
- ការបរិនិព្វាន។ល។
៙ គំនូរចម្លាក់ខ្លះ គេគូរ ឆ្លាក់ ជាបដិមាតាមបែបមុទ្រៈ គឺ ៖
- ធ្យានមុទ្រៈ ព្រះពុទ្ធធ្វើឈាន រូបគង់ពែនភ្នែន ព្រះហស្តទាំងពីរលាផ្ងាដាក់ត្រួតលើគ្នានៅលើភ្នែន។
- ភូមិនស្បស៍មុទ្រៈ ព្រះពុទ្ធផ្ចាញ់មារ រូបគង់ពែនភ្នែន ព្រះហស្តឆ្វេងដាក់ផ្ងាលើភ្លៅឆ្វេងព្រះហស្តស្តាំដាក់លើភ្លៅ ស្តាំ មានចុងម្រាមព្រះហស្តចង្អុលទៅរកផែនដី។
- អភយមុទ្រៈ ព្រះពុទ្ធឲ្យអភ័យដល់មនុស្សសត្វ រូបឈរលាបាតព្រះហស្តទាំងពីរទៅមុខចុងម្រាមព្រះហស្តឡើងលើទាំងអស់។
- ធម្មចក្រមុទ្រៈ ព្រះពុទ្ធសំដែងធម្មចក្រ រូបគង់ភ្នែនក៏មាន គង់សំយុងព្រះបាទក៏មានព្រះហស្តទាំងពីរដាក់លើទ្រូងធ្វើដូចជា កងចក្រ។
- វរទមុទ្រៈ ព្រះពុទ្ធប្រទានពរ រូបឈរ ព្រះហស្តទាំងពីរឱបបាត្រ។
- វិតក្កមុទ្រៈ ព្រះពុទ្ធត្រិះរិះពិចារណា រូបឈរ លាបាតព្រះហស្តទាំងពីរទៅ បត់ម្រាមកណ្តាលជារង្វង់ភ្ជាប់នឹងមេដៃ។
- ទុក្ករកិរិយាសមុទ្រៈ ព្រះពុទ្ធធ្វើទុក្ករកិរិយា រូបគង់ពែនភ្នែន ឬក៏ផ្ទំមានរូបកាយស្គាំងស្គមឃើញតែឆ្អឹង។
- សយនាមុទ្រៈ ព្រះពុទ្ធផ្ទំ ឬបិរនិព្វាន។
៙ សង្កេតៈ
លក្ខណៈពិសេសនៃកាយវិការបែបមុទ្រៈក្នុងសិល្បៈខ្មែរ គេបានកត់សម្គាល់ឃើញ ៖
១- ព្រះភក្ត្រ (ទឹកមុខ) ញញឹមជាដរាប ហាក់ដូចជារកឃើញនូវអាថ៌កំបាំងមួយដ៏ជ្រាលជ្រៅ។
២- ទ្រង់គ្រង ឬឃ្លុំចីពរ គង់ពែនភ្នែនលើបល្ល័ង្ក ឬលើផ្កាឈូក។
៣- មានព្រះមោលី (ផ្នួងសក់) កួចមូលនៅលើព្រះសិរស៍ ហើយមានកេសារួញប្រទាក់គ្នាដូចគូថខ្ចៅ ឬដូចបន្លាសំបកខ្នុរ។
៤- ព្រះកាណ៌ (ត្រចៀក) វែង និងមានឆព្វណ្ណរង្សីចេញពីព្រះកាយដូចរស្មីព្រះអាទិត្យ។
២- ប្រាសាទ (Ruines) ៖ នៅប្រទេសខ្មែរមានប្រាសាទថ្មជាច្រើនដែលគេសង់ឧទ្ទិសថ្វាយព្រះពុទ្ធសាសនាគឺ ៖
- ប្រាសាទ បាយ័ន ចុងសតវត្សទី១២ នៃគ្រឹស្តសករាជ
- ប្រាសាទ តាព្រហ្ម គ្រឹស្តសករាជ ១១៨៦
- ប្រាសាទ ព្រះខ័ន គ្រឹស្តសករាជ ១១៩១
- ប្រាសាទ នាគព័ន្ធ ដើមពាក់កណ្តាលសតវត្សទី ១២
- ប្រាសាទ បន្ទាយក្តី
- ប្រាសាទ បន្ទាយឆ្មារ។ល។
ការសង់ប្រាសាទតាមបែបពុទ្ធសាសនាជាពុទ្ធនិយម ច្រើនសង់នៅលើទីដីរាបស្មើ ពុំសូវមានជាន់ថ្នាក់ខ្ពស់ៗ ដូចជាប្រាសាទបែបព្រាហ្មណ៍និយមទេ។ ការណ៍នេះបញ្ជាក់ប្រាប់ឲ្យដឹងថា ៖
-ព្រះពុទ្ធជាមនុស្សឋិតនៅលើលោកនេះ ជាមួយនឹងមនុស្សគ្រប់គ្នាដទៃទៀតគឺព្រះពុទ្ធពុំមែនឋិតនៅលើ មេឃដាច់ឆ្ងាយពីមនុស្សដូចជាអាទិទេពនៃសាសនាព្រាហ្មណ៍ឡើយ។ ប៉ុន្តែព្រះពុទ្ធជាមនុស្សភ្ញាក់រឭកមុនគេ មានការតស៊ូ ព្យាយាម រើបម្រះ រំដោះខ្លួនឲ្យរួចផុតពីទុក្ខ និងច្បាប់ធម្មជាតិ។
៣- ស្តូប ៖ ស្តូបជាកន្លែងសំរាប់តម្កល់អដ្ឋិធាតុនៃមនុស្សដែលស្លាប់ដែលមាន សណ្ឋានរាងមូលដូចលោកខែពាក់កណ្តាល ឬដូចពាក់កណ្តាលរង្វង់មូល (អឌ្ឍមណ្ឌល Demi-cercle) ដែលមានន័យថាជាអនិច្ចំ (Impermanence) នៃវត្ថុទាំងអស់ក្នុងលោកមិនថិតថេរ។ ស្តូបគេច្រើនសង់លើខឿនខ្ពស់ល្មមមានរបងព័ទ្ធជុំវិញ។
៤- ចេតិយ ៖ ចេតិយ ច្រើនសង់មានរាង ៤ជ្រុង ឬរាងមូល ឋិតត្រួតលើគ្នាជាជាន់ថ្នាក់។ បាតក្រោមរីកធំហើយរៀវតូចបន្តិចម្តងៗ រហូតដល់កំពូលដែលមានរាងជាឆ័ត្ររួត។ តាមធម្មតាគេតែងសាងចេតិយឲ្យមាន ៣ថ្នាក់ដែលមានន័យតំណាងព្រះរតនត្រ័យ គឺព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។ ចេតិយក្នុងពុទ្ធសាសនាមាន ៤បែបគឺ ៖
ក- ធាតុចេតិយៈ ចេតិយសម្រាប់តំកល់ដាក់ ឬបញ្ចុះអដ្ឋិធាតុព្រះពុទ្ធ ឬមាតាបិតាជាដើម។
ខ- បរិភោគចេតិយៈ ចេតិយសម្រាប់ដាក់វត្ថុប្រើប្រាស់របស់ព្រះពុទ្ធមានវត្ថពន្ធនិងតម្រងទឹកជាដើម។
គ- ធម្មចេតិយៈ ចេតិយសម្រាប់តម្កល់ក្បួនច្បាប់ សាស្ត្រា គម្ពីរ ពុទ្ធវចនៈ មានត្រៃបិដកជាដើម (បុរាណៈ ហោត្រៃ)។
ឃ- ឧទ្ទេសកចេតិយៈ ចេតិយឧទ្ទិសថ្វាយ បូជាចំពោះព្រះពុទ្ធ ព្រះរតនត្រ័យ ឬអ្នកមានគុណ មាន
មាតាបិតា គ្រូឧបជ្ឈាយ៍ជាដើម។
៥- វិហារ ៖ ព្រះវិហារ ឬឧបោសថាគារ ជាកន្លែងសម្រាប់ពួកបព្វជិតពុទ្ធសាសនិកធ្វើសង្ឃកម្មផ្សេងៗ មានបោសថកម្ម ឧបសម្បទាកម្ម ជាដើម។ ក្នុងព្រះវិហារមានតំកល់ព្រះពុទ្ធបដិមាដែលមានមួយព្រះអង្គធំ ជាងគេ (បុរាណហៅព្រះពុទ្ធបដិមាអង្គធំក្នុងវិហារថា ព្រះជីវ៍)។ វិហារតាំងនៅចំកណ្តាលទីវត្តនៅលើដីខ្ពស់មានខឿនបាំងពីខាង ជុំវិញ។ វិហារទាំងអស់សុទ្ធតែបែរមុខឆ្ពោះទៅទិសខាងកើត ដែលជាតំណាងទិសព្រះពុទ្ធត្រាស់ដឹងក្រោមដើមពោធិព្រឹក្សបែរព្រះ ភក្ត្រទៅទិសខាងកើត។
ឃ- អក្សរសិល្ប៍ ៖ រឿងរ៉ាវអត្ថបទអក្សរសិល្ប៍ជាច្រើនអ្នកនិពន្ធបានដកស្រង់ចេញមកពី គម្ពីរពុទ្ធសាសនា មានគម្ពីរព្រះត្រៃបិដក និងគម្ពីរអដ្ឋកថា មានធម្មបទ វិសុទ្ធិមគ្គ មង្គលត្ថទីបនី ទសជាតកនិងបញ្ញាសជាតក ជាដើមមករៀបរៀងចងក្រងជាវណ្ណកម្មរបស់ខ្លួន។ អក្សរសិល្ប៍បែបនេះជាចលនាពុទ្ធនិយមដែលអ្នកនិពន្ធបានលើកយកសកម្ម ភាពព្រះពោធិសត្វក្នុងការកសាងបារមីឬលើកយកទស្សនៈសំខាន់ៗក្នុង ពុទ្ធសាសនា មានបញ្ហាកម្មផល បុណ្យបាប ជាដើម មកអធិប្បាយពន្យល់។ អក្សរសិល្ប៍ តំណាងចលនាពុទ្ធនិយមអាចចែកជាពីរប្រភេទ ៖
១- អក្សរសិល្ប៍ តំណាងចលនាពុទ្ធនិយមពិតៗ ៖ ដែលអ្នកនិពន្ធបានដកស្រង់ចេញមកពីទសជាតកគឺ ៖
- តេមិយជាតក បំពេញ នេក្ខម្មបារមី
- ជនកជាតក បំពេញ វិរីយបារមី
- សុវណ្ណសាមជាតក បំពេញ មេត្តាបារមី
- នេមិរាជជាតក បំពេញអធិដ្ឋានបារមី
- មហោសថជាតក បំពេញ បញ្ញាបារមី
- ភូរិទត្តជាតក បំពេញ សីលបារមី
- ចន្ទកុមារជាតក បំពេញ ខន្តីបារមី
- នារទជាតក បំពេញ ឧបេក្ខាបារមី
- វិធូរបណ្ឌិត បំពេញ សច្ចបារមី
- វេស្សន្តរជាតក បំពេញ ទានបារមី។
២- អក្សរសិល្ប៍តំណាងចលនាពុទ្ធនិយមក្លាយ ៖ ដែលអ្នកនិពន្ធបានដកស្រង់ចេញមកពីបញ្ញាសជាតក ជាគម្ពីរអដ្ឋកថា កើតមានឡើងនៅប្រទេសឡាវ ក្រុងឈៀងម៉ៃ ប្រហែល ៥០០ឆ្នាំ ប៉ុណ្ណោះ។ អក្សរសិល្ប៍បែបនេះមាន ៖
- រឿង សុភមិត្រ
- រឿង ព្រះសុធន
- រឿង ភោកុលកុមារ
- រឿង លោកន័យជាតក
- រឿង ព្រះសមុទ្រ
- រឿង សព្វសិទ្ធិ
- រឿង មរណមាតា
- រឿង វិមានចន្ទ
- រឿង ស្រទបចេក
- រឿង ខ្យងស័ង្ខ។ល។
____________________
ដោយបណ្ឌិត ៖ ខ្លួត ធីតា
នាយិការងមហាវិទ្យាល័យទស្សនវិជ្ជា (សាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ ២)
ឯកសារពិគ្រោះ
១) ទាវ ឆែសុក, វប្បធម៌ អរិយធម៌ខ្មែរ-ឥណ្ឌា ១៩៧២
២) គង់ នឿន, វប្បធម៌ ឥណ្ឌា-ខ្មែរ ១៩៧១
៣) លី ធាមតេង, អារ្យធម៌ខ្មែរ ១៩៦៥
៤) ឡាយ គ្រី, ទ្រព្យប្រសើររបស់មនុស្ស ១៩៩១
៥) ថាច់ ណាង (ធម្មប្បញ្ញោ), គតិសាសនានៃពលរដ្ឋ ១៩៥១។